ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នេះ បុរសម្នាក់បានទទូលយកទូរស័ព្ទពីចោរយកទៅបញ្ចាំ មិនទាន់ទៅដល់កន្លែងបញ្ចាំផង ស្រាប់តែម្ចាសទូរស័ព្ទឃើញទាន់ រួចស្រែកថាចោរៗ ហើយប្រជាពលរដ្ឋរស់នៅទីនោះផ្អើលឆោរឡោ ព័ទ្ធចាប់បាន ហើយវាយម្នាក់មួយដៃ ទ្រមខ្លួននៅចំណុចផ្សាដើមពុទ្រា ភូមិក្បាលស្ពាន ១ សង្កាត់ក្រុង ប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី ជា ដាបានបញ្ចាថាជនស័ង្សយឈ្មោះទេពវិចិត្ត ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅក្នុងបន្ទប់ជួល នៅភូមិក្បាលស្ពាន ១ សង្កាត់ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី ជា ដា បានបញ្ចាក់ទៀតថា បើតាមការបំភ្លឺរបស់ជនសង្ស័យបាននិយាយថា មុនពេលកើតហេតុ ខ្លួនគេបានអង្គុយមើលគេលេងបៀរក្នុងកាស៊ីណូហ្គោដិន ស្រាប់តែមានក្មេងម្នាក់បានមកប្រាប់ថា ឈ្មោះ ធឿន ចង់ជួបបង ។ ក្រោយពីខ្លួនបានទៅជួបឈ្មោះ ធឿន រួចមកហើយធ្លាប់ស្គាល់គ្នា បានឲ្យទូរស័ព្ទ ១ គ្រឿងម៉ាកអាយហ្វូន យកទៅបញ្ចាំឲ្យក្នុងតំលៃ ១០០០ បាត ហើយខ្លួនបានទទូលលុយពីឈ្មោះធឿនចំនួន ១០០ បាត ក្រោយពេលដែលខ្លួនបានទទូលទូរស័ព្ទ ហើយក៏រកកន្លែងបញ្ចាំ ។ លុះដើរទៅដល់ផ្សាដើមពុទ្រា ក៏ម្ចាស់ទូរស័ព្ទតាមទាន់ ចាប់ឲ្យអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។
ជនសង្ស័យត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជួនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត ។ នៅអាវុធហត្ថខេត្តជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនមានជាចោរទេ ទូរស័ព្ទពិតជារបស់ឈ្មោះ ធឿន ទើបតែលួចបានពីគេពិតមែន ។ ជនសង្ស័យត្រូវបានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តដើម្បីចាត់ការនិតិវិធីច្បាប់ ៕
គង់ បរម៉ី