ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងឱកាសនៃជំនួប គណៈប្រតិភូបានគោរពរាយកាណ៍ជូនសម្ដេចបវរធិបតីអំពីលទ្ធផលនៃកិច្ចប្រជុំនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបានគោរពជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅក្នុងការរួមចំណែកជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ និងសំបូរព្រៃគុក ដែលមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃទៅដល់មនុស្សជាតិទាំងមូលផងដែរ ព្រមទាំងការចូលរួមចំណែករបស់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងការកសាងធនធានមនុស្សកម្ពុជា ប្រកបដោយជំនាញលើវិស័យអភិរក្ស និងការជួសជុលប្រាង្គប្រាសាទ។ គណៈប្រតិភូក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងធានាឱ្យបាននូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ និងរួមចំណែកទៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ផងដែរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យនៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌជាច្រើនរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណៈប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិនៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក កាលពីថ្មីៗនេះ។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមទាំងអង្គការយូណេស្កូ ក៏ដូចជាដៃគូអន្តរជាតិទាំងអស់ ជាពិសេសប្រទេសបារាំង និងជប៉ុនចំពោះការផ្ដល់ការគាំទ្រឥតងាករេក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុល និងការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌ និងជាតម្លៃលេចធ្លោជាសកលរបស់មនុស្សជាតិ។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ដែលបានបន្តអាណត្តិនៃយន្តការអង្គរ/សំបូរព្រៃគុក សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត ដើម្បីធានានូវការបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា យន្តការនេះពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលបញ្ហាប្រឈមនៅតែបន្តមាន និងមានភាពស្មុគស្មាញ រួមមានជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន ដែលសុទ្ធសឹងតែទាមទារនូវកិច្ចសហប្រតិបត្តិការមួយដែលធានាឱ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្ស។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូដែលបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តនៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីមានជំនឿថា តាមរយៈនៃការប្ដេជ្ញាចិត្ត និងភាពជាដៃគូនេះ សមិទ្ធផលជាច្រើននឹងសម្រេចបានកាន់តែល្អប្រសើរ ដើម្បីធានាទៅដល់ការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក សម្រាប់មនុស្សជាតិជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីក៏បានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក, អង្គការយូណេស្កូ, និងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលេីការសម្របសម្រួលដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរត្រឡប់មកមាតុប្រទេសវិញ, ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ។