ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងឱកាសនៃជំនួប, លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃIFC បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFC ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្តីសោមនស្សចំពោះការចូលរួមចំណែករបស់ IFC ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានស្វាគមន៍ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០ % នៅក្នុងឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូន ដែលរួមមានដូចជា៖ ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ ដើម្បីធានាដល់ការតភ្ជាប់ការដឹកជញ្ជូនក្នុងប្រទេស និងតំបន់ ក៏ដូចជាអន្តរជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិលើការប្រើប្រាស់មធ្យោបាយនៃការទូទាត់តាមប្រព័ន្ធKHQR ដែលបានរួមចំណែកធានាដល់ការប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យ IFC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជា ក្នងការចាប់យកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។