ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃ២១ ខែមិនា ឆ្នាំ២០១៦នេះ បាន ពិធីកាត់ខ្សែបូសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សាលាឆទាន នៃវត្តសុវណ្ណក្វារាមខ័ណ្ឌ ក្រោមអធិបតិភាពរបស់ ឯកឧត្ដម សួន បវ៉រ អភិបាលនៃគណះអភិបាលខេត្ត និង ឯកឧត្ដម លី សារី អភិបាលរងខេត្ត ពិធីនេះក៏មានការចូលរួមពីមន្ត្រីអង្គភាពជុំវិញខេត្ត និងគណះអភិបាលស្រុករួមជាមួយប្រជាពលរដ្ឋជាច្រើនផងដែរ ។
ឯកឧត្តម សួន បវ៉រ អភិបាលនៃគណអភិបាលខេត្តបានឲ្យដឹងថា វត្តបុរាណមួយនេះ គឺស្ថិតនៅក្នុងភូមិទាមកម្ម ឃុំទាមកម្ម ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានចំណុះ៧ភូមិកាលដើមឡើយប្រជាពលរដ្ថបានធ្វើបុណ្យសន្សំកុសល្យនៅវត្តសុវណ្ណក្វារាមខ័ណ្ឌ ភូមិទាមកម្មដែលមានចម្ងាយផ្លូវ១២គីឡូម៉ែតពីថ្នលជាតិលេខ៦ ។
ក្នុងឱកាសនោះលោក ឯកឧត្តម សួន បវ៉រ បានមានប្រសាសន៍កោតសសើចំពោះព្រះចៅអធិការ គណះកម្មការអាចារ្យពុទ្ធបរិស័ទសប្បុរសជននានាដែលមានទឹកចិត្តជ្រះថ្លាបានប្រមូលថវិការសរុបជាទឹកប្រាក់ ១០ម៉ឺនដុល្លា ចូលរួមកសាងសមិទ្ធផលទាំងអស់នេះឡើងវិញ ទុកជាប្រយោជន៍បម្រើដល់វិសយ័ព្រះពុទ្ធសាសនា។
លោក សួន បវ៉រ បានរំឮកឡើងថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហេដ្ឋារចនាសម្ព័ន្ធសង្គម នឹងវិស័យព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រទេសជាតិប្រជាពលរដ្ឋត្រូវបានរស់រានមានជាថ្មីឡើងវិញ ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមលើកគ្រប់វិស័យត្រូវបានកសាងជាបន្តបន្ទប់ឡើងវិញ ។
ឯកឧត្តម បានមានប្រសាសន៏បន្តថា៖ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ជាប្រពៃណី ទំនៀមទំលាប់ល្អ មានការព្រៀបប្រដៅអប់រំមនុស្សឲ្យប្រព្រឹតអំពើល្អ ហើយ ឯកឧត្តម បានបញ្ចាក់ថា ៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការបង្រួបបង្រួមជាតិឲ្យមាន សន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេសរក្សាបាននូវសិរីភាពនយោគបាយ បូរណាភាពទឹកដីនៃការអភិវឌ្ឍន៏ដូចជា បានរួមចំណែកលើការងារអប់រំ សីលធម៌សង្គម ការងារមនុស្សធម៍ សង្គមកិច្ច ការងារបណ្ដុះបណ្ដាលអភិវឌ្ឍន៏ ធនធានមនុស្ស ជាកន្លែងដែលព្រះសង្ឃគង់នៅសិក្សារៀនសូត្រ ធម៍វិន័យទៀត ។
ឯកឧត្តម បានបញ្ចាក់ទៀតថា ៖ សមិទ្ធផលដែលសម្ភោតដាក់ឲ្យប្រើប្រាស់សាលាឆទាន ដែលបានចំណាយអស់ទឹកប្រាក់ចំនួន១០ម៉ឺនដុល្លា។
ជាកិច្ចបញ្ចប់ ឯកឧត្តម លី សារី អភិបាលរងខេត្ត និង លោក ជា សុរណ្ណធួន រងមណ្ឌីសាធារណៈការ និង ដឹកជញ្ជូន ក៏បានឈ្លាតឱកាសពេលវេលារបស់ពួកលោក ចុះមើលស្រះទឹកដែលស្ថិតនៅខាងត្បូងវត្ត និងមានកំរោងស្ដាឲ្យជ្រៅជាងមុនដើម្បីជាកន្លែងស្តុកទឹក សំរាប់ឲ្យព្រះសង្ឃ និងពុទ្ធបរិសាទចំណុះជើងវត្តទាំងអស់បានប្រើប្រាស់ទាំងអស់គ្នា ៕