ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃ១៤ ខែមិនា ឆ្នាំ២០១៦នេះមានប្រពលរដ្ឋបានផ្ដល់ព័ត៌ មានតាមរយៈទូរស័ព្ទប្រាប់មកសារព័ត៌មានអំណាចប្រជាជនថា មានជនខិលខូចមួយក្រុមចូលកាប់បំផ្លាញព្រៃឈើយ៉ាងអាធិបតេយ្យក្នុងដែនជម្រកសត្វព្រៃរនាមដូនសំ ។ ប្រសិនបើរដ្ឋមន្ត្រីបរិស្ថាននិងរដ្ឋមន្ត្រីរដ្ឋបាលព្រៃឈើមានឆន្ទៈពិតប្រាកដ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃរនាម ដូនសំ ពិតមែននោះ គួរតែចាត់វិធានទៅលើមន្ត្រីបរិស្ថាប ពពួកការពារព្រៃសហគមន៍ និងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលគិតគូរតែផលប្រយោជន៍ផ្ទាល់ខ្លួន ។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងភូមិដែលធ្លាប់ទៅកាប់ឈើក្នុងដែនជម្រកសត្វព្រៃរនាមដូនសំ បានឲ្យដឹងថា បើចង់ចូលទៅកាប់ឈើក្នុងតំបន់នោះត្រូវបង់ឲ្យមន្ត្រីបរិស្ថាន និងពពួកការពារព្រៃសហគមន៍ ដែលនៅការពារដែនជម្រកសត្វព្រៃរនាម ដូនសំ នេះក្នុងរណាត្រងស៊ីន័រ១គ្រឿង២០ម៉ឺនរៀល ប្រេង១កាន៣០លិត្រត្រូវបង់២០ម៉ឺនរៀល ហើយបើអស់១កាន៣០លិត្រហើយចង់យកប្រេង១កាន៣០លិត្រចូលទៀតត្រូវបង់២០ម៉ឺនទៀត ប្រភពដដៃបានឲ្យដឹងទៀតថា នៅពេលដឹកឈើចេញពីព្រៃ ពួកគាត់ត្រូវបង់ក្នុង១រទេះគោយន្ត១០ម៉ឺនរៀល ឲ្យមន្ត្រីបរិស្ថាន និង៨ម៉ឺនរៀលទៀត ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ទើបមិនត្រូវប្រឈមនឹងការបង្ក្រាប ។
ប្រការនេះ លោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរណាស់ពិនិត្យមើលឡើងវិញផងដែរ ពីព្រោះមួយរយះពេលចុងក្រោយនេះបទល្មើសកាប់បំផ្លាញ់ព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ ប្រជាពលរដ្ឋក្នុងឃុំ ទូលពង្រ ស្រុក ម៉ាឡៃ សូមអំពាវនាវឲ្យគណៈកម្មការជាតិទប់ស្កាត់ នឹងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃរនាមដូនសំ ត្រូវចាត់វិធានការទៅតាមច្បាប់ ទៅលើមន្ត្រីដែលពាកពន្ធ័ដើម្បីជាការព្រមានផងដែរ ៕