សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកាពីតល់ កាលពីវេលាម៉ោង១៣និង១០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង១២និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម លីវ ជិនថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន ព្រមទាំងឯកឧត្តម លោកជំទាវជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។