ចេញផ្សាយ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤
ភ្នំពេញ ៖ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា នាថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)។
លោក សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដើម្បីសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៥ នៃរដ្ឋសភារួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព ៕