ខេត្តបន្ទាយមានជ័យ ៖ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្ត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា ចំនួន ២០១៨នាក់ ដែលប្រជាពលរដ្ឋមក ពីសង្កាត់ចំនួន២ ក្នុងក្រុងសិរីសោភ័ណ ដើម្បីណែនាំពីការងារ ពង្រឹងបក្ស និងការងារឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ នាព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា និង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុល សេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅ របស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារបស់យើង ។
គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស គឺជាអ្នកនាំយកសន្តិភាព និងស្ថេរភាពជូន ប្រជាជនទូទៅ ជាពិសេសគឺបាន ថែរក្សាសន្តិភាព និងស្ថេរភាពក្នុងប្រទេសរហូតដល់បច្ចប្បន្ន និងទៅថ្ងៃអនាគត នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងក្នុងឱកាសពិធីជួប សំណេះសំណាល
ជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា សង្កាត់ កំពង់ស្វាយ និងសង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើអោយអង្គពិធី យើងទាំងមូលក្រោកឈរ ស្មឹងស្មាត ចូលរួមរំលែកទុក្ខ និងគោរព វិញ្ញណក្ខន្ធ័ដល់យុទ្ធជន ដែលបានពលីជីវិតក្នុងបេសកម្ម អង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាល នាពេលថ្មីៗនេះ ។ ក្នុងនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានក្រើន រំឭកដល់ប្រជាពលរដ្ឋ ទាំងអស់ សូមចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែជៀ សឱ្យឆ្ងាយពីគ្រឿងញៀន និងឆ្លើយថាទេចំពោះ គ្រឿងញៀនគ្រប់ប្រភេទ ដោយកុំសាកគ្រឿងញៀន សូម្បីតែម្តង ព្រោះថាគ្រឿងញៀននេះ វាបំផ្លាញដល់សុខភាព បំផ្លាញដល់អនាគតរបស់ខ្លួន គ្រួសារ សង្គមជាតិ។
មុននឹងបព្ចាប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភ សមាជិក សមាជិកា ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង១ គណបក្សទាំងពីរសង្កាត់ ក្នុងមួយសង្កាត់ៗ ទទួលបាន ថវិកា១លានរៀល និងអង្ករ២តោន ក្នុង១សង្កាត់ (គង់ ចំ រើន)